John 14

ព្រះយេស៊ូជា​ផ្លូវ​ទៅ​ឯ​ព្រះវរបិតា​

1កុំ​ឲ្យ​ចិត្ដ​របស់​អ្នករាល់គ្នាជ្រួលច្របល់ឡើយ​អ្នករាល់គ្នា​ជឿលើព្រះជាម្ចាស់​ហើយ​ចូរ​ជឿខ្ញុំដែរ 2នៅក្នុងដំណាក់​ព្រះ​វរ​បិតារបស់ខ្ញុំមានលំនៅច្រើនប៉ុន្តែបើគ្មាន​ទេ​ខ្ញុំ​ក៏​មិន​ប្រាប់អ្នករាល់គ្នា​ដែរ​ដ្បិត​ខ្ញុំ​ទៅ​ដើម្បី​រៀបចំកន្លែង​សម្រាប់​អ្នករាល់គ្នា 3ដូច្នេះបើ​ខ្ញុំ​ទៅរៀបចំកន្លែង​សម្រាប់​អ្នករាល់គ្នា​នោះ​ខ្ញុំ​នឹង​ត្រលប់មកវិញហើយទទួលអ្នករាល់គ្នាទៅជាមួយខ្ញុំដើម្បី​ឲ្យ​អ្នករាល់គ្នា​បាន​នៅកន្លែងដែលខ្ញុំ​នៅ​នោះ​ដែរ 4ហើយកន្លែងដែលខ្ញុំទៅ​អ្នករាល់គ្នា​ក៏​ស្គាល់ផ្លូវ​នោះ​ដែរ»។ 5លោកថូម៉ាសទូលព្រះអង្គថា៖ ​«ព្រះអម្ចាស់អើយ! ​យើង​មិនដឹង​ថា​ព្រះអង្គ​យាង​ទៅណាទេ​ដូច្នេះ​តើ​ធ្វើ​ដូចម្ដេច​ឲ្យ​យើង​អាចស្គាល់ផ្លូវនោះ​បាន?» 6ព្រះយេស៊ូមានបន្ទូល​ទៅ​គាត់ថា៖ ​«ខ្ញុំជាផ្លូវជាសេចក្ដីពិតហើយជាជីវិតគ្មាន​អ្នកណា​ទៅ​ព្រះ​វរ​បិតាបានឡើយលើកលែងតែ​ទៅ​តាមរយៈខ្ញុំ 7ដូច្នេះបើ​អ្នករាល់គ្នា​ស្គាល់ខ្ញុំ​អ្នករាល់គ្នា​ក៏ស្គាល់​ព្រះ​វរ​បិតា​របស់​ខ្ញុំដែរ។ ​ចាប់ពីពេលនេះតទៅ​អ្នករាល់គ្នា​បាន​ស្គាល់និង​បាន​ឃើញព្រះអង្គហើយ»។ 8លោកភីលីពទូលព្រះអង្គថា៖ ​«ព្រះអម្ចាស់អើយ! ​សូម​បង្ហាញ​ឲ្យ​យើង​ឃើញ​ព្រះ​វរ​បិតាផងនោះយើងស្កប់ចិត្តហើយ»។ 9ព្រះយេស៊ូមានបន្ទូល​ទៅ​គាត់ថា៖ ​«ភីលីពអើយ! ​ខ្ញុំ​បាន​នៅជាមួយអ្នករាល់គ្នាយូរហើយ​តើ​អ្នក​នៅតែមិនទាន់ស្គាល់ខ្ញុំទៀត? ​អ្នកណាឃើញខ្ញុំ​ក៏​ឃើញ​ព្រះ​វរ​បិតាដែរ​ហេតុ​ដូចម្ដេចបានជាអ្នកនិយាយថា​សូម​បង្ហាញ​ឲ្យ​យើង​ឃើញ​ព្រះ​វរ​បិតាផង​ដូច្នេះ? 10តើអ្នក​មិនជឿថាខ្ញុំនៅក្នុង​ព្រះ​វរ​បិតាហើយ​ព្រះ​វរ​បិតានៅក្នុងខ្ញុំទេ? ​ពាក្យសំដីដែលខ្ញុំ​បាន​ប្រាប់អ្នករាល់គ្នា​នោះ​មិន​មែន​មកពី​ខ្លួន​ខ្ញុំទេ​គឺ​ព្រះ​វរ​បិតា​ដែល​នៅក្នុងខ្ញុំ​ព្រះអង្គ​បាន​ធ្វើកិច្ចការ​របស់​ព្រះអង្គ 11ចូរជឿខ្ញុំចុះថាខ្ញុំនៅក្នុង​ព្រះ​វរ​បិតាហើយ​ព្រះ​វរ​បិតានៅក្នុងខ្ញុំប៉ុន្តែបើមិន​ជឿ​ទេ​ចូរ​ជឿដោយព្រោះតែកិច្ចការ​ទាំង​នោះចុះ

ការ​អធិស្ឋានក្នុងព្រះនាម​ព្រះយេស៊ូ

12ខ្ញុំ​ប្រាប់អ្នករាល់គ្នា​ជា​ពិតប្រាកដថាអ្នកណាជឿលើខ្ញុំ​អ្នកនោះ​នឹង​ធ្វើកិច្ចការដែលខ្ញុំធ្វើដែរហើយ​គេ​នឹង​ធ្វើ​កិច្ចការ​ធំជាងនោះ​ផង​ព្រោះខ្ញុំ​នឹង​ទៅ​ព្រះ​វរ​បិតា​វិញ 13ហើយអ្នករាល់គ្នា​សុំអ្វីក៏ដោយដោយនូវឈ្មោះ​របស់​ខ្ញុំ​ខ្ញុំ​នឹង​ធ្វើ​ការ​នោះដើម្បី​ឲ្យ​ព្រះ​វរ​បិតា​បាន​តម្កើងឡើងតាមរយៈ​ព្រះ​រាជ​បុត្រា 14ដូច្នេះបើ​អ្នករាល់គ្នា​សុំអ្វីមួយដោយនូវឈ្មោះ​របស់​ខ្ញុំខ្ញុំ​នឹង​ធ្វើការនោះ

ព្រះយេស៊ូសន្យា​អំពីព្រះវិញ្ញាណបរិសុទ្ធ

15បើ​អ្នករាល់គ្នា​ស្រលាញ់ខ្ញុំ​អ្នករាល់គ្នា​មុខជា​កាន់តាមបញ្ញត្ដិរបស់ខ្ញុំ 16ខ្ញុំនឹង​សុំ​ព្រះ​វរ​បិតា​ឲ្យ​ព្រះអង្គ​ប្រទានអ្នកជំនួយ​ម្នាក់​ទៀត​ដល់​អ្នករាល់គ្នាដើម្បី​ឲ្យ​នៅជាមួយអ្នករាល់គ្នាអស់កល្បជានិច្ច 17ហើយនោះជា​ព្រះ​វិញ្ញាណ​នៃ​សេចក្ដីពិត​ប៉ុន្តែ​ពិភពលោកមិនអាចទទួល​យក​ព្រះ​វិញ្ញាណ​នោះបាន​ទេ​ព្រោះមើលមិនឃើញ​ហើយ​មិនស្គាល់​ផង​ប៉ុន្តែ​អ្នករាល់គ្នាស្គាល់ហើយដ្បិត​ព្រះ​វិញ្ញាណ​នោះ​បាន​គង់ជាមួយអ្នករាល់គ្នាហើយសណ្ឋិតនៅក្នុងអ្នករាល់គ្នា 18រីឯខ្ញុំ​មិនទុក​ឲ្យ​អ្នករាល់គ្នានៅកំព្រាទេ​ខ្ញុំ​នឹង​មកអ្នករាល់គ្នាវិញ 19បន្តិចទៀត​នេះ​មនុស្សលោក​នឹង​លែងឃើញខ្ញុំ​ទៀត​ហើយប៉ុន្ដែអ្នករាល់គ្នានឹងឃើញខ្ញុំ​ហើយ​ដោយព្រោះខ្ញុំរស់​នោះ​អ្នករាល់គ្នាក៏រស់ដែរ 20រួចនៅថ្ងៃនោះអ្នករាល់គ្នា​នឹង​ដឹងថាខ្ញុំនៅក្នុង​ព្រះ​វរ​បិតា​របស់​ខ្ញុំអ្នករាល់គ្នានៅក្នុងខ្ញុំ​ហើយ​ខ្ញុំ​ក៏​នៅក្នុងអ្នករាល់គ្នា​ដែរ។ 21ដូច្នេះអ្នកណាមានបញ្ញត្ដិ​របស់​ខ្ញុំហើយកាន់តាមអ្នកនោះហើយជាអ្នកស្រលាញ់ខ្ញុំ​រួច​អ្នក​ណា​ដែលស្រលាញ់ខ្ញុំ​ព្រះ​វរ​បិតា​របស់​ខ្ញុំ​នឹង​ស្រលាញ់អ្នកនោះហើយ​ខ្ញុំ​ក៏​ស្រលាញ់អ្នកនោះដែរព្រមទាំងបង្ហាញខ្លួនខ្ញុំ​ឲ្យ​អ្នកនោះស្គាល់ផង»។ 22លោកយូដាស​(​មិនមែនអ៊ីស្ការីយ៉ុត​)​បាន​ទូល​ទៅ​ព្រះអង្គថា៖ ​«ព្រះអម្ចាស់អើយ! ​តើ​ហេតុអ្វីបានជា​ព្រះអង្គ​នឹងបង្ហាញខ្លួន​ឲ្យ​យើងស្គាល់ប៉ុន្តែមិនឲ្យមនុស្សលោក​ស្គាល់​ដូច្នេះ 23ព្រះយេស៊ូមានបន្ទូលឆ្លើយ​ទៅ​គាត់ថា៖ ​«បើអ្នកណាស្រលាញ់ខ្ញុំ​អ្នកនោះ​នឹង​កាន់តាមពាក្យ​របស់​ខ្ញុំហើយ​ព្រះ​វរ​បិតា​របស់​ខ្ញុំ​នឹង​ស្រលាញ់អ្នកនោះរួច​យើង​នឹង​មកអ្នកនោះហើយតាំងទីលំនៅ​នៅ​ជាមួយអ្នកនោះ 24អ្នកណា​ដែល​មិនស្រលាញ់ខ្ញុំ​អ្នក​នោះ​មិន​កាន់​តាមពាក្យ​របស់​ខ្ញុំឡើយហើយពាក្យដែល​អ្នករាល់គ្នា​មិន​មែន​ជា​ពាក្យ​របស់ខ្ញុំទេគឺជា​ព្រះបន្ទូល​របស់​ព្រះ​វរ​បិតា​ដែល​បាន​ចាត់ខ្ញុំឲ្យមក 25ដូច្នេះខ្ញុំ​ប្រាប់អ្នករាល់គ្នា​អំពី​សេចក្ដី​ទាំងនេះ​ឲ្យ​ហើយ​នៅ​ពេល​ដែល​ខ្ញុំ​នៅជាមួយអ្នករាល់គ្នានៅឡើយ 26រីឯអ្នកជំនួយ​ជា​ព្រះ​វិញ្ញាណបរិសុទ្ធដែលព្រះវរបិតា​នឹង​ចាត់ឲ្យមក​ដោយនូវឈ្មោះ​របស់​ខ្ញុំព្រះអង្គ​នឹង​បង្រៀនអ្នករាល់គ្នា​អំពី​សេចក្ដី​ទាំងអស់ហើយ​រំឭក​អ្នករាល់គ្នា​អំពី​សេចក្ដី​ទាំងអស់ដែលខ្ញុំ​បាន​ប្រាប់អ្នករាល់គ្នា

ព្រះយេស៊ូប្រទាន​ក្ដី​សុខសាន្ដ​

27ខ្ញុំ​ទុកសេចក្ដីសុខសាន្ត​ឲ្យ​អ្នករាល់គ្នា​ខ្ញុំ​ឲ្យសេចក្ដីសុខសាន្តរបស់ខ្ញុំ​ដល់​អ្នករាល់គ្នា​គឺ​មិន​មែន​ដូចជាមនុស្សលោកឲ្យអ្នករាល់គ្នាទេ​ដូច្នេះ​កុំ​ឲ្យ​ចិត្ដអ្នករាល់គ្នាជ្រួលច្របល់ភ័យខ្លាចឡើយ 28អ្នករាល់គ្នាបាន​ខ្ញុំប្រាប់អ្នករាល់គ្នា​រួច​ហើយថា​ខ្ញុំ​ទៅប៉ុន្ដែ​ខ្ញុំ​នឹង​មកអ្នករាល់គ្នាវិញបើ​អ្នករាល់គ្នា​ស្រលាញ់ខ្ញុំ​អ្នករាល់គ្នា​មុខជា​អរសប្បាយ​ដោយព្រោះ​ខ្ញុំ​ទៅ​ព្រះ​វរ​បិតាដ្បិត​ព្រះ​វរ​បិតាវិសេសជាងខ្ញុំ 29ដូច្នេះខ្ញុំ​បាន​ប្រាប់អ្នករាល់គ្នា​រួច​ហើយមុន​ការនោះ​កើតឡើងដើម្បីពេល​ការនោះ​កើតឡើង​អ្នករាល់គ្នា​នឹង​ជឿ 30ហើយខ្ញុំ​និយាយជាមួយអ្នករាល់គ្នាមិន​បាន​ច្រើនទៀតទេដ្បិតមេ​ដឹក​នាំលោកិយនេះ​កំពុង​មកហើយ​គេ​ធ្វើអ្វីខ្ញុំមិនបានទេ 31ប៉ុន្តែដើម្បី​ឲ្យ​មនុស្សលោកដឹងថា​ខ្ញុំ​ស្រលាញ់​ព្រះ​វរ​បិតាហើយ​ខ្ញុំ​ធ្វើតាម​ដូច​ដែល​ព្រះ​វរ​បិតា​បាន​បង្គាប់ខ្ញុំ។ ​ចូរ​ក្រោកឡើង​យើង​ចេញពីទីនេះទៅ
Copyright information for KhmKCB